សិក្ខាសាលាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ជាលើកទី២

នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ជាលើកទី២ នៅសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៣០ នាក់ មកពី មន្ទីរ ស្ថាប័ន អង្គភាព និងមូលដ្ឋានអាជីវកម្មពាក់ព័ន្ធនានាក្នុងក្រុងបាត់ដំបង ។ សិក្ខាសាលាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុង វិស័យទេសចរណ៍” ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
– ផ្សព្វផ្សាយដល់មន្ទីរជុំវិញខេត្ត យុវជន ប្រតិបត្តិករទេសចរណ៍ នូវច្បាប់ស្តីពី ការត្រួតពិនិត្យថ្នាំជក់ និង លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នេះ។
– លើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ អោយចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារី ដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។
– លើកកម្ពស់សុវត្ថិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើ ប្រាស់ផលិតផលថ្នាំជក់។
– ចូលរួមចំណែកអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
– រួមចំណែកប្រែក្លាយក្រុងបាត់ដំបងជាទីក្រុងគ្មានផ្សែងបារី ។

សូមបញ្ចាក់ថា នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញដោយវាគ្មិនជំនាញ មកពីស្ថាប័នពាក់ព័ន្ធ លើប្រធាន
បទនានាដូចជា៖
– របាយការណ៍ស្តីពី ស្ថានភាពទេសចរណ៍ និងបរិស្ថានគ្មានផ្សែងបារីក្នុងខេត្តបាត់ដំបង ដោយលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
– សេចក្តីណែនាំបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ធ្វើបទបង្ហាញដោយ លោក សំ សេង នាយករងវិទ្យាស្ថានជាតិទេសចរណ៍។
– ផល់ប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់លើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន ដោយលោក វេជ្ជ បណ្ឌិត ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក។
– ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធានការហាមជក់ ឫការបង្ហុយផ្រែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយលោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្មក្រសួង សុខាភិបាល។
– បច្ចុប្បន្នភាពបរិស្ថានគ្មានផ្សែងបារី បទបង្ហាញដោយ លោក វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា ។

សូមបញ្ចាក់ផងដែរថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ គឺនៅថ្ងៃទី ១០ – ១១ និង ១២ ក្រុមការងារក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងចុះត្រួតពិនិត្យដោយផ្ទាល់នូវតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរ ណ៍ក្នុងក្រុងបាត់ដំបង ។ សិក្ខាសាលានេះត្រូវបានបិទបញ្ចប់នៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ ក្រៃលែង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។