កម្មវិធីបើកជាផ្លូវការសង្រ្កាន្តបាត់ដំបង

ព្រឹត្តិការណ៍ សង្រ្កាន្តបាត់ដំបង ត្រូវបានប្រារព្ធកម្មវិធីបើកជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៧៖០០នាទី ល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឍ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

សូមបញ្ចាក់ ថាព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ខេត្តបាត់ដំបង សហការជាមួយ សាលាខេត្តបាត់ដំបង។ ប្រារព្ធធ្វើនៅបរិវេណរូបសំណាក់លោកតាដំបងក្រញូង វិទ្យាល័យនេតយ៉ង់ សាលាគរុកោសល្យភូមិភាគ៥។

ការបង្កើតព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង នេះគឺក្នុងគោលបំណងដើម្បី៖
– ទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ។
– ជួបជុំ យុវជន និងមហាជន ក្នុងឳកាសអបអរសារទរ ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ជាគ្រួសារតែមួយ
– បង្ហាញពីវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រជាជន
– ផ្តល់ឳកាសឲ្យយុវជន ចូលរួមធ្វើការងារស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក
– រៀបចំពិពរណ៍ពាណិជ្ជកម្មផលិតផលក្នុងខេត្ត
– ជួយទាក់ទាញ ភ្ញៀវទេសចរជាតិ / អន្តរជាតិ មកទស្សនាពិពរណ៍ និងចូលរួមកំសាន្តក្នុងខេត្ត
– ផ្តល់ឱកាសអោយយុវជន ប្រជាពលរដ្ឋ ភ្ញៀរទេសចរជាតិ និងឲ្យអន្តរជាតិស្វែងយល់បន្ថែមពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៍ ទំនៀមទំលាប់ ប្រពៃណី សាសនានិងបន្តថែរក្សា កេរមរតកនេះអោយបានគង់វង្ស ។

នៅក្នុងព្រឹត្តិការណ៍នេះ នឹងការរៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ការសម្តែងសិល្បៈ របាំ ការប្រគុំតន្ត្រី និងព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនផ្សេងទៀត។
សូមអញ្ជើញ ភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ចូលរួមកំសាន្ត និងទទួលអំណរឆ្នាំថ្មីទាំងអស់គ្នានៅក្នុងសង្រ្កាន្ដបាត់ដំបង នេះដោយសេចក្តីសប្បាយរីករាយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។