ប្រវត្តិរបស់ផ្សារធំបាត់ដំបង

ប្រវត្តិរបស់ផ្សារធំបាត់ដំបង

ផ្សារធំបាត់ដំបង មិនត្រឹមតែជាសំណង់បែបបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាអលង្ការមួយនៃ ស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះគឺមាន កំណើតមកពីសាលាវិចិត្រសិល្បៈក្រុងហាណូយដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ ១៩២១ នៅពេលដែលលោកចូលកាន់តំណែងជាប្រធាននាយកដ្ឋាន ស្ថាបត្យកម្ម និងអភិវឌ្ឍទីក្រុងនៅឥណ្ឌូចិន។ លោកអឺណែសបានបង្កើត រចនាបថ ស្ថាបត្យកម្មមួយថ្មីដែលមិនយកតាមលំនាំបែបបុរាណនៅក្នុងតំបន់ដែលលោកហៅថាលំនាំអង្គរ  ប៉ុន្តែសម្របទៅតាមអាកាសធាតុ និងបរិយាកាស ក្នុងតំបន់។ លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មរបស់ លោកគឺ ប្រកប ទៅដោយសោភណ៌ភាពដោយដំបូលមានលក្ខណៈងាយស្រួលដល់ដំណើរ និងបម្លាស់ទីនៃខ្យល់ ហើយមានបាំងសាច រួមទាំងជញ្ជាំង មានគម្រប ជាពិសេសមានទីធ្លានៅកណ្តាលសម្រាប់ពហុបំណងផ្សេងៗ។ ចំនុចពិសេសមួយទៀតគឺសំណង់ស្ថាតប្យកម្មតាមបែបឥណ្ឌូចិននៃសាលាហាណូយនេះគឺមិនមែនជាលក្ខណៈបែបសិល្បៈដេកូ (Art Deco) ដែលភាគ ច្រើនតែងតែមានទម្រង់ជាប៉មទៀតទេ។ នៅក្នុងតំបន់ឥណ្ឌូចិននេះសំណង់ ស្ថាបត្យកម្ម តាមបែបរចនាបទឥណ្ឌូចិនសាលាក្រុងហាណូយរួមមាន៖

សំណង់ផ្សារតាន់ឌីញនៅក្រុងហូជីមីញ (1927) សំណង់ផ្សារធំកំពង់ចាម និងផ្សារជូឡុងនៅក្រុងហូជីមីញ(1929) និងជាពិសេសផ្សារធំបាត់ដំបង!

សម្រាប់ផ្សារធំបាត់ដំបងត្រូវបានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០ ហើយដែល កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់។ ចាប់ផ្តើមតាំងពី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖

សម័យអាណានិគមបារាំង ហៅថាផ្សារក្រណាត់

សម័យសង្គមរាស្រ្តនិយម ហៅថាផ្សារធំ

សម័យសាធារណៈរដ្ឋលន់ណុល ហៅថាផ្សារស្វាយប៉ោ

សម័យប៉ុល ពត ជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិម

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាឃ្លាំងដាក់អំបិល និងអាហារ

ឆ្នាំ១៩៨៩ រដ្ឋបាលបានរៀបចំជាផ្សារណាត់សម្រាប់លក់ផលិតផលកសិកម្ម

បច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជាផ្សារណាត់។