សាវតាខេត្តបាត់ដំបង

សាវតាខេត្តបាត់ដំបង

បើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​ឱ្យយើង​ដឹង​ថា តើ​សម័យ​នោះមានភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះបាត់​ដំបង​នោះ​ទេ។ ប៉ុន្តែ​យើង​​​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថាឈ្មោះ​បាត់​ដំបងនេះ​មាន​ប្រើ​ ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​​ដែរ។​ប៉ុន្តែ​ក្នុង​សម័យ​​អង្គរ​ និង​ក្រោយ​អង្គរ​​ តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​​ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។ ​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបងប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឱ្យ​ដឹង​ឡើយគឺ ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង តា​ដំបង​ក្រញូងដែល​ខ្មែរ​យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ដែល​នាំ​ឱ្យយើង​ហៅ​ឈ្មោះ​ បាត់ដំបង​ ឬ​អូរ​ដំបង។ ​ឯឈ្មោះ​ព្រះ​ដំបងគឺ​ ស្តេច​រាមាទី១​ កំណត់​ឱ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​«ជាព្រះ​ដំបង»​។ កាល​ពី​មុន​សម័យ​អង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប​គឺ​ ជា​ដែន​ដី​អ​មោឃ​បុរៈ​ និង​ជា​​ដែន​ដី​ភិមៈ​បុរៈ។ នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី​ ឬ​ភូមិ​ភាគ​អមោឃ​បុរី​ (Amoghapura) មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ដី​មាន​ជីរ​ជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ ​​ច្រើន​ជា​ភស្តុតាងបង្ហាញគឺ មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់លើក​លែង​​ប្រាសាទ បាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​ និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​កសាង​ឡើង​   សម្រាប់​ជា​ទីសក្ការៈបូជា​ដល់​ព្រះ​​អា​ទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ពុទ្ឋសាសនា​។ នៅ​សតវត្ស​ក្រោ​យ​មក​ទៀតដែន​ដី​ខេត្ត​បាត់ដំបង ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​ សៀម​តាំង​ពី​សត​វត្ស  ១៥-១៦-១៧-១៨​ ធ្វើ​ឱ្យជីវភាពរស់​នៅ​របស់​ប្រជាជន​ បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​រងទុក្ខព្រាត់​ប្រាស​និរាស​គ្រួសារ​ ទ្រព្យ​សម្បិត្ត ​ផ្ទះ​សម្បែង​គួរ​ឱ្យខ្លោច​ផ្សារ​។ ត្រាខេត្តបាត់ដំបង​ ក្រោមសម័យនោះគ្រប់គ្រង​ដោយថៃ។ នៅ​ចុង​សត​វត្ស​ទី១​៨​ដល់​ដើម​សតវត្ស​ទី​២០​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម ​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្ស ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា “ត្រ​កូល​អភ័យ​វង្ស​” ​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​ ១៩០៧។ តាម​សន្ឋិ​សញ្ញា​បារាំង -សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​ និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​ និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោ​យ​​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​ ៦៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្តគឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​ ​និងខេត្ត​សិរី​សោ​ភ័ណ។ នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សារ​ជា​ថ្មី​ ដោយមាន​ស្រុកចំនួន០​២ គឺ​ ស្រុកបាត់ដំបង និងស្រុកសិរីសោភ័ណ។ ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន៧គឺ​​ស្រុកបាត់ដំបង សង្កែ មោង​ឬ​ស្សី​ ​មង្គល​បុរី ទឹក​ជោរ សិរីសោភ័ណ និង​ស្រុក​បិ​តត្បូង។ ខែឧសភា​ ១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ ត្រូវ​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ។ ខែកក្កដា ឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា២ស្រុក ​គឺ​ស្រុក​ព្រះនេត​ព្រះ​និង​ស្រុក​ភ្នំ​ស្រុក។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ស្រុក​បន្ទាយ​ឆ្មារ។​ ​ខែមីនា​ ឆ្នាំ១៩៦៥ តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ ​ខែកក្កដា ឆ្នាំ១៩៦៥ ទឹក​ដី​មោង​ឬស្សី​ មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​ រដ្ឋ​បាល​​គាស់​ក្រឡ។ ខែ​មីនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ ​ស្រុកថ្ម​ពួកមាន​ទីតាំង​នៅតាំង​នៅ​​ថ្ម​ពួក។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឱ្យ​ចំណុះ​ខេត្ត​ឧត្តរមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។ នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន០២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន៩ គឺ​ស្រុក​បាត់​ដំបង សង្កែ មោង​ឬស្សី​ មង្គល​បូរី សិរី​សោ​ភ័ណ​​ អូរ​ជ្រៅ​​ ព្រះនេត្រ​ព្រះ បាណន់ គាស់​ឡ និង​តំបន់រដ្ឋបាល​ចំនួន​២គឺ​តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា​។ ក្នុង​របប​​វាល​ពិ​ឃា​ត​ ៣ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​ ​ខេត្ត​បាត់​ដំបង​ ក៏​ដូច​ជា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ប្រជាពល​រដ្ឋ​ ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេ​ស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​ និង​តំបន់​ព្រៃ​ភ្នំ។ ខេត្តបា​ត់​ដំបង​ ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​ និង​បង្អត់​អាហារ​ ពេល​នោះ​ខេត្ត​ពុំ​មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​ មាន​តំបន់​១​តំបន់​៣​ តំបន់​៤ និង​តំបន់​៥។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​ ស្រុកមោង​ឬស្សី​ ស្រុក​៤១​ ស្រុក​៤២…។ល។ ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩។ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​ គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។ គណៈ​កម្មាធិការ​ប្រជាជនឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៨៣។ ឆ្នាំ​១៩៨៩ដល់ឆ្នាំ១៩៨៦ ខេត្ត​បាត់ដំបង​ មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១។ នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣ ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​ មាន​ស្រុកបាណន់​  ​ស្រុក​បវេល​ និង​ស្រុកឯ​ក​ភ្នំ​។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន១២​ស្រុក និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី ​បាណន់ ឯក​ភ្នំ បាត់ដំបង ​សង្កែ រតន​មណ្ឌ​ល មង្គល​បុរី​ សិរិសោ​ភ័ណ ព្រះ​នេត​ព្រះ ថ្មពួក​ ភ្នំ​ស្រុក​ និង​ស្រុកបវេល​។ ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​​​ថ្ម​ពួក​ សិរី​សោ​ភ័ណ​ ព្រះ​នេតព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​០៧​​ទី​រួម​ខេត្ត​១ និង​​ឃុំ​ចំនួន​៥៣​ និង​សង្កាត់​ចំនួន​១០។ ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ទី​រួម​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ ចំណែក​សង្កាត់​ទាំង​១០​ ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៨​ និង​ឃុំ​ចំនួន​៤៧។ តែបច្ចុប្បន្នខេត្តបាត់ដំបង ស្ថិតនៅភាគ​ពាយ័ព្យនៃ​ប្រទេស​មាន​ចំងាយ ២៩១​គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ដែលមានព្រំប្រទល់ ខាងកើតជា​ប់​ខេត្តពោធិសាត់​ និងបឹង​ទន្លេសាប ខាង​លិច​ជាប់ខេត្តប៉ៃលិន និង​ប្រទេ​ស​ថៃ ខាងជើង​ជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​​​​ខេត្តពោធិ៍​សាត់​។ ទិសភាគ​ខាងលិច​មានព្រំប្រ​ទ​ល់ប្រវែង១៤៤,៨គីឡូម៉ែត្រ ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះ​កែវ​របស់​ប្រទេសថៃ។ ខេត្តមាន​ផ្ទៃ​ដី​សរុប ១១.៧៤៨គម២ ស្រុកមាន១៣ និងក្រុង១ ឃុំចំនួន​៩២ សង្កាត់​១០​​ និងភូមិចំនួន៨២០។ ចំនួន​ប្រជាជនសរុបចំនួន ១, ៣១២, ០៥១ នាក់ ស្រ្តីចំនួន ៦៦០, ៩៧៥ នាក់  គ្រួសារសរុបមាន ២៧៦, ៤៥២ គ្រួសារ     ដង់ស៊ីតេ១១១ នាក់/គ.ម២ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម​ចម្បង​មាន​ ៧០% មានមន្រ្តីរាជការសរុបចំនួន ១២, ២៩៥នាក់ ស្រី្តមាន ៦, ២១៦ នាក់។ ខេត្ត​​មានច្រក​ទ្វារ​ព្រំដែន​អន្ដរ​ជាតិ២ និងច្រកតំបន់បី ។​ ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ គឺ​មាន​កិច្ច​សហការ​គ្នាល្អប្រសើរ និងផ្តល់ពត៌មានឱ្យគ្នា​​ទៅវិញ​ទៅមក សម្រួលចរាចរណ៍        នាំចេញ-នំាចូលពិសេ​ស​​កសិផល​ប្រជានៅស្រុកជាប់ព្រំដែន។  ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០១៩ មាន ១, ៦១៦, ៤ ដូល្លាសហរដ្ឋអាមេរិច ។  ក្នុងឆ្នាំ២០១៩ ខេត្តមានចំណូលសរុប ១០២.៧៨៥.៣៤១.៥៨០ រៀល និងចំណាយសរុប ចំនួន ៣៧៧.១០៣.២៩១.២៩៨ រៀល។