ឯកឧត្តមថោង ខុន ផ្ដាំផ្ញើដល់សិស្សនៅស្រុកបារាយណ៍ និងតាំងគោកថា ជំនាញវិជ្ជាជីវៈ គឺជាជីវិតរបស់យើងម្នាក់ៗ

ឯកឧត្តមថោង ខុន ផ្ដាំផ្ញើដល់សិស្សនៅស្រុកបារាយណ៍ និងតាំងគោកថា ជំនាញវិជ្ជាជីវៈ គឺជាជីវិតរបស់យើងម្នាក់ៗ

(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានផ្ដាំផ្ញើដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះថា ជំនាញវិជ្ជាជីវៈ គឺជាជីវិតរបស់យើងម្នាក់ៗ នៅពេលទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈល្អប្រសើរហើយ ត្រូវត្រលប់មកចូលរួមអភិវឌ្ឍភូមិស្រុករបស់ខ្លួនវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើង។ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រជំនាញកុំព្យូទ័រជូនដល់សិស្សនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ ស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ត្រង់ចំណុចនេះ ចង់បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋត្រូវរួមគ្នារក្សាតម្លៃនៃសន្តិភាព និងគិតគូរបង្កើនឱកាសដល់យុវជននៅតាមមូលដ្ឋាន ដើម្បីទទួលការបណ្តុះបណ្តាល ដើម្បីឱ្យពួកគេទទួលបានជំនាញ និងចំណេះដឹង និងមានគំនិតផ្ដួចផ្ដើមគំនិតរបស់ខ្លួន ចេះរៀបចំផែនការ និងចេះអនុវត្តជាក់ស្ដែងក្នុងបុព្វហេតុបង្កើតប្រយោជន៍សម្រាប់ខ្លួនឯង និងសមិទ្ធផលសម្រាប់មូលដ្ឋានផង និងសង្គមជាតិខ្លួនផង។ លោកបានបន្តថា ការដំណើរការ និងសកម្មភាពបណ្តុះបណ្តាលរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងទេសចរណ៍នៅស្រុកបារាយណ៍ គឺពិតជាឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋាន។ ជាក់ស្តែង សមិទ្ធផលថ្ងៃនេះគឺសមិទ្ធផលថ្មីៗមួយទៀតនៃការខិតខំប្រឹងប្រឹង កិច្ចសហការ ភាពជាដៃគូ និងការចូលរួមទាំងអស់គ្នាក្នុងការចូលរួមកសាងមូលធនមនុស្សសម្រាប់មូលដ្ឋាន។ឯកឧត្តមស្នើឱ្យសាលាបន្តបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័របឋមដល់យុវជន និងសិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោកនេះឱ្យបានកាន់តែច្រើន ពិសេសសូមស្នើឱ្យគណៈគ្រប់គ្រងសាលាគិតគូររៀបចំពង្រីកកម្មវិធីសិក្សា និងចាប់យកការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយគាំទ្រការបណ្តុះបណ្តាលតាមអនឡាញ ទាំងរយៈពេលខ្លី មធ្យម និងវែង លើជំនាញផ្សេងៗទៀត ជាពិសេសលើជំនាញទុន និងជំនាញក្នុងវិស័យទេសចរណ៍បន្ថែមទៀតតាមលទ្ធភាពរបស់សាលា ស្របតាមតម្រូវការទីផ្សារការងារនៅក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ក៏ដូចជានៅក្នុងបណ្តារាជធានី-ខេត្តផ្សេងៗផងដែរ។

ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចដៃគូមួយចំនួន ផ្តល់អាហារូបករណ៍សិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយឥតបង់ថ្លៃ ដែលយុវជន សិស្សានុសិស្សក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោកអាចស្នើសុំចុះឈ្មោះសិក្សាបន្តបាន ដើម្បីចាប់យកចំណេះដឹង ជំនាញពិតប្រាកដ យកទៅប្រើប្រាស់នៅក្នុងអាជីពជាអ្នកជំនាញទេសចរណ៍ឱ្យបានល្អ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ព្រោះជំនាញវិជ្ជាជីវៈ គីជាជីវិតរបស់យើងផង និងដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំ និងមានសក្តានុពលសម្រាប់មូលដ្ឋាន និងប្រទេសជាតិទៅថ្ងៃអនាគតផង។ ឯកឧត្តមក៏បានណែនាំដល់យុវជន និងសិស្សានុសិស្សត្រូវចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងបន្តការរីករាលដាលនៅពាសពេញពិភពលោក ពិសេសកុំឱ្យមានការផ្ទុះនៅក្នុងមូលដ្ឋានឱ្យសោះ។ លោកគ្រូ ហុង សុខអឿន ប្រធានគណៈគ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ បានថ្លែងថា តាំងពីបើកបណ្ដុះបណ្ដាលដំបូងនៅឆ្នាំ២០០៩ រហូតដល់ពេលបច្ចុប្បន្ន សាលាបានបណ្ដុះបណ្ដាលសិស្សានុសិស្ស ៣១ វគ្គមកហើយ ក្នុងនោះមានសិស្សបានចូលរៀន ១,២១៤ នាក់។ សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្រជំនាញកុំព្យូទ័រនាពេលនេះមានចំនួន ២៣៧ នាក់ (៤ វគ្គ)។ វគ្គថ្មីទី៣២ មានសិស្សចូលសិក្សាចំនួន ១០៣ នាក់។ អ្នកស្រី ផន វ៉ាន់ឌី ប្រជាពលរដ្ឋរស់នៅស្រុកតាំងគោក និងត្រូវជាម្ដាយរបស់សិស្សស្រី ឈុំ យុទ្ធា បានបង្ហាញការសប្បាយរីករាយចំពោះលទ្ធផលសិក្សារបស់កូនស្រីរបស់ខ្លួន បន្ទាប់ពីបានសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ ស្រុកបារាយណ៍នេះ។ អ្នកស្រីមានការជឿជាក់ថាសាលានេះនឹងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងមូលដ្ឋានស្រុកទាំងពីរបន្តទៀត ខណៈអ្នកស្រីក៏នឹងជំរុញការសិក្សារបស់កូនៗឱ្យទទួលបានចំណេះដឹងបន្តទៅមុខទៀត ដើម្បីចូលរួមបង្កើនជីវភាពគ្រួសារ ក៏ដូចជារួមចំណែកអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិផងដែរ៕

Sourced: Fresh News