ប្រវត្តិវិហារចិនស្វាយប៉ោ

ប្រវត្តិវិហារចិនស្វាយប៉ោ

វិហារចិនស្វាយប៉ោ និងចិនដាច់កំប៉ោយនៅបាត់ដំបងវិហារចិនស្វាយប៉ោស្ថិតនៅលើដងផ្លូវលេខ១ មាត់ស្ទឹងសង្កែមានតាំងពីយូរយារណាស់មកហើយ។ បើតាមសៀវភៅបាត់ដំបងសម័យលោកម្ចាស់ ព្រះវិហារនេះមានតាំងពីមុនសម័យលោកម្ចាស់ប៊ែនទៅទៀត។ ដូច្នេះហើយយើងអាចសន្និដ្ឋានបានថាជនជាតិមករស់នៅក្នុងខេត្តបាត់ដំបងតាំងពីមុនសម័យលោកម្ចាស់យូរយារណាស់មកហើយ។ ជនជាតិចិនដែលមកបាត់ដំបងភាគច្រើនគឺធ្វើពាណិជ្ជកម្ម ហើយរស់នៅតាមទីប្រជុំជន ជាពិសេសនៅតាមដងផ្លូវលេខ១ និងជុំវិញផ្សារណាត់។ រីឯចិនណាដែលមិនសូវជោគជ័យក្នុងការរកស៊ីក៏ទៅប្រកបរបរកសិកម្មនៅតាមជាយក្រុងបន្តិច។ ឧទាហរណ៍ជនជាតិចិនបានចូលទៅសុំជួលដីរស់នៅម្តុំជិតវត្តស្លាកែតប្រកបរបរដាំស្ពៃលក់ រហូតដល់ភូមិនោះហៅថាភូមិចិនដាំស្ពៃដល់សព្វថ្ងៃនេះ។ រីឯចិនដែលនៅក្រុងរកស៊ីមានបានគឺត្រូវគ្នាជាមួយនឹងលោកម្ចាស់ និងមន្រ្តីរាជការរហូតបានឡើងឋានន្តរសក្តិជាម៉ឺន ឃុន ហ្លួង ឬរហូតដល់ឧកញ៉ាជាដើម។ ចិនដែលមករស់នៅក្នុងសម័យលោកម្ចាស់ភាគច្រើនប្រកាន់ទំនៀមទំលាប់ប្រពៃណីរបស់ខ្លួនដូចជាទុកសក់កំប៉ោយតាមបែបសម័យរាជវង្សឆេង តែដល់មានសក្តិយសជាមន្រ្តីខ្មែរក៏ត្រូវស្លៀកពាក់សំពត់ចងក្បិន អាវកត្រង់ ដែលគេតែងហៅថា មន្រ្តីកំប៉ោយចិនក្បិនខ្មែរ។ តែនៅយូរៗទៅក៏មានអ្នកខ្លះកាត់កំប៉ោយនោះចេញដើម្បីសម្របខ្លួនជាមួយសង្គម អ្នកស្រុកក៏ហៅថា ពួកចិនដាច់កំប៉ោយៗ ចិនដែលមកស្រុកខ្មែរមិនសូវយកប្រពន្ធមកទេ ភាគច្រើនមករៀបការជាមួយនឹងនារីខ្មែរដើម្បីងាយស្រួលរកស៊ី និងរស់នៅ។ ប្រវត្តិខ្លះៗអំពីជនជាតិចិនអន្តោប្រវេសន៍ខ្ញុំធ្លាប់សរសេររួចមកហើយស្តីអំពីទំនាក់ទំនងកម្ពុជា ចិន តាំងពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន ប៉ុន្តែពេលនេះខ្ញុំសូមចោះយកចំនុចខ្លះៗទាក់ទងនឹងចរន្តអន្តោប្រវេសន៍ចិនចូលមករស់នៅលើទឹកដីកម្ពុជា។ បើតាមដិតដានប្រវត្តិសាស្រ្ត មានជនជាតិចិនរស់នៅក្នុងប្រទេសកម្ពុជាតាំងពីជិត១ពាន់ឆ្នាំមុនមកម្លេះ។ លោកជីវ តាក្វាន់ រាជទូតចិនចូលមកអង្គរនៅចុងសតវត្សទី១៣ បានសរសេរថាជនជាតិចិនដែលជាអ្នកដើរសំពៅចូលចិត្តស្រុកនេះខ្លាំងណាស់ព្រោះស្រុកនេះស្រួលទាំងអស់ អង្ករក៏ស្រួលរក ប្រពន្ធក៏ស្រួលរក ផ្ទះសំបែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងាយរក ការលក់ដូរក៏ងាយ ដូច្នេះហើយបានជាមានអ្នកស្រុកក្រៅមករស់នៅស្រុកនេះច្រើនណាស់។ មានជនជាតិខ្លះបានក្លាយជាមន្រ្តីរាជការជាន់ខ្ពស់របស់រាជការខ្មែរផងដែរ ឧទាហរណ៍នៅក្នុងសម័យលង្វែកក្នុងរាជព្រះបាទបរមរាជា និងព្រះបាទសត្ថា កងទ័ពជើងទឹកខ្មែរភាគច្រើនគឺជនជាតិចិន ហើយមេបញ្ជាការកងទ័ពជើងទឹករបស់ខ្មែរពេលនោះគឺជនជាតិចិនមានឈ្មោះថា ពញាចិនចាន់តុក។ មកដល់សម័យក្រោយៗមកទៀតថ្វីត្បិតតែកម្ពុជាធ្លាក់ចុះក្នុងភ្លើងសង្រ្គាមក៏ដោយ ក៏លំហូរនៃជនជាតិចិនមកខ្មែរនៅតែមានជាបន្តបន្ទាប់។ លំហូរធំៗនៃអន្តោប្រវេសន៍ចិនមកខ្មែរមានបីសំខាន់ៗគឺ៖ទី១៖ ក្នុងប្រមាណពាក់កណ្តាលសតវត្សតី១៧ ពួកម៉ាន់ជូបានផ្តួលរំលំរាជវង្សមេង ហើយបង្កើតរាជវង្សឆេង តែមានពួកអតីតរាជវង្សមេងនៅតែបន្តធ្វើសង្រ្គាមឧទ្ទាមបះបោរសង្ឃឹងថាដណ្តើមអំណាចមកកាន់កាប់វិញ ប៉ុន្តែត្រូវបរាជ័យទាំងអស់។ មានពួកមេងជាច្រើនបានប្រមូលក្រុមគ្រួសារទាំងក្រុមៗមកស្វែងរកសិទ្ធិជ្រកកោនជាមួយអាណាចក្រតុងកឹងដាយវៀត។ ពួកវៀតណាមដាយវៀតមិនបានរារាំង និងមិនចង់មានទំនាស់ជាមួយពួកមេងភៀសខ្លួន តែក៏មិនចង់រង្គៀសចិត្តជាមួយនឹងរាជការមហាឆេងដែរ ដូច្នេះហើយក៏បណ្តោយឲ្យពួកមេងទាំងនោះឆ្លងកាត់ដែនដីតុងកឹង ឲ្យចូលមកកាន់នគរចម្ប៉ា និងនគរខ្មែរ។ មកដល់នគរខ្មែរភាគច្រើនពួកនោះប្រមូលផ្តុំគ្នាទៅរស់នៅតាមផ្លូវទឹកដូចជាខេត្តកំពត តាកែវ និងតាមដងទន្លេមេគង្គជាដើម។ មានពួកខ្លះក៏ធ្វើដំណើរបន្តតាមទន្លេសាបរួចមកតាំងទីលំនៅនៅបាត់ដំបង ដូចបានជម្រាបជូនខាងលើហើយនោះ។ នៅពេលដែលបារាំងចូលមកកាន់កាប់ស្រុកខ្មែរ បារាំងក៏បានកត់សំគាល់ឃើញផងដែរថាចរន្តសេដ្ឋកិច្ចពាណិជ្ជកម្មរបស់បណ្តាខេត្តក្រុងធំៗគឺស្ថិតនៅក្រោមពួកជនជាតិចិន ហើយបារាំងក៏មានការញញើតពួកចិនផងដែរ។ ទី២៖ លំហូរធំទី២របស់ជនជាតិចិនមកខ្មែរគឺក្នុងកំឡុងពេលសង្រ្គាមលោកលើកទី២ នៅពេលដែលជប៉ុនដាក់អាណានិគមជិះជាន់ចិន។ មានជនជាតិចិនជាច្រើនបានរត់ចោលស្រុកកំណើតដោយសារការគាបសង្កត់របស់ជប៉ុន និងភាពក្រីក្រលំដាកវេទនា។ ទី៣៖ លំហូរធំទី៣ គឺនៅពេលដែលរបបកុម្មនីស្តចិនបង្កើតឡើងក្នុងឆ្នាំ១៩៤៩ និងបន្តដោយបដិវត្តវប្បធម៌ ដែលធ្វើឲ្យប្រជាជនចិនរាប់លាននាក់រងគ្រោះដោយគ្រោះទុរភឹក្ស និងក្រីក្រ។ ដូច្នេះហើយពួកគេបានធ្វើដំណើរទាំងតាមជើងទឹកជើងគោកចាកចេញពីចិនដើម្បីតាំងទីលំនៅថ្មី។ បណ្តាជនជាតិចិនដែលហូរចូលមកស្រុកខ្មែរនោះ ភាគច្រើនគេសង្គេតឃើញមាន ៥ក្រុមគឺ៖ ពួកចិនទៀជីវ ពួកចិនកន្តាំង ពួកចិនហុកគៀន ពួកចិនហាកា និងពួកចិនហៃណាំ។ ប្រភព ៖ FB Mao Vutha