សមាគមទេសចរណ៍ធំៗចំនួន ៦ រួមគ្នាថ្លែងអំណរគុណ​ប្រ​មុខ​រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយ​ជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ តាមរយៈក្រសួងទេសចរណ៍ សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន ៦ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជានេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះឱ្យដឹងថា តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន ៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATACC) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ស្ដែងចេញពីទឹកចិត្តរឭកដឹងគុណនេះ តំណាងសមាគម និងសហព័ន្ធទាំង ៦ ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន ៩ ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះផងដែរ។

ជាការពិតណាស់ នៅក្នុងលិខិតថ្លែងអំណរគុណរបស់តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ (ប្រមាណ ៩៩.៦៤%) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕