សម្រស់ធម្មជាតិស្ទឹងក្រញូង

សម្រស់ធម្មជាតិស្ទឹងក្រញូង គឺគោលដៅទេសចរណ៍ធម្មជាតិកែច្នៃមួយ មានវិសាលភាពលើផ្ទៃដីជាង 50, 000ម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីទីរួមខត្ត ស្ថិតក្នុងភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត និងឃើញមានស្លាកសញ្ញាបង្ហាញទិសទៅកាន់ទីនោះ។ សម្រស់ធម្មជាតិ ស្ទឹងក្រញូងមានវិសាលភាពធំធេង មានកញ្ជុះសម្រាប់អង្គុយលេង និងទទួលទានអាហារ មានបន្ទប់ទឹក អមដោយដើមឈើទតូច ធំ ដុះចម្រុះគ្នាជាអន្លើៗ ចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិដ៏ត្រជាក់ល្ហឹមនៅជាប់នឹងមាត់ស្ទឹង មានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។

ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹង មានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យទានធំម្តងៗ គេសង្កេតឃើញ មានភ្ញៀវមកលេងទឹកនៅទីនោះ យ៉ាងច្រើនកុះករ។ សកម្មភាពកម្សាន្តនៅទីនោះមានដូចជា៖- ការងូតទឹកកម្សាន្ត- ការពិសារអាហារនៅមាត់ទឹក- ការសម្រាក លម្ហែ- ការលេងកីឡាលើទឹក- ការជិះទូក កៃយ៉ាក់- ការបោះតង់- អាំងសាច់- ការស្រាវជ្រាវ -ល-។