រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីទទួលពានរង្វាន់ និងដង្ហែក្បួនទទួលពានរង្វាន់ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។

(បាត់ដំបង)៖ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកប្រធានមន្ទីរ លោក/លោកស្រី អនុប្រធានមន្ទីរ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចូលរួមពិធីទទួលពានរង្វាន់ និងដង្ហែក្បួនទទួលពានរង្វាន់ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) នៅបរិវេណផ្លូវលេខមួយ មុខអគារសាលាខេត្តចាស់់់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ស.ស.យ.កខេត្ត អាជីវករ លោកគ្រូ/អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ទាំង ស្ថាប័នរដ្ឋ និងវិស័យឯកជន ប្រមាណជាង ១០០០ នាក់។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការប្រារព្ធពិធីនេះទៅបាន គឺបន្ទាប់ពីក្រុងបាត់ដំបងនៃខេត្តបាត់ដំបង រួមជាមួយទីក្រុងចំនួន២ទៀតរបស់ប្រទេសកម្ពុជា មានទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទីក្រុងសៀមរាបនៃខេត្តសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ ហើយពិធីទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ បានធ្វើឡើងនៅខេត្តព្រះសីហនុ នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ពេលកន្លងមកថ្មីៗ នេះ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ពាន់រង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ដែលក្រុងចំនួនបីរបស់ព្រះរាជាណាចក្រកម្ពុជាមាន៖ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងព្រះសីហនុ ទទួលបាននាពេលនេះ គឺជាពានរង្វានកម្រិតតំបន់មួយ ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយស្ថាប័នអាស៊ាន ។

ពានរង្វាន់នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត របស់ខេត្តបាត់ដំបងយើង ដែលឆ្លុះបញ្ចាំង ពីកិច្ចខំប្រឹងប្រែងកន្លងមក របស់រដ្ឋបាលខេត្ត មន្ទីរ និងស្ឋាប័នជំនាញពាក់ព័ន្ធផ្សេងៗ ពិសេស សាលាក្រុង មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៌ខេត្ត ដែលជាមន្ទីរជំនាញធ្វើការងារនេះផ្ទាល់។ យ៉ាងណាមិញ កត្តាសំខាន់មួយដែលនាំអោយទីក្រុងយើងស្អាត និងឈានដល់ការទទួលបានពានរង្វាន់នាថ្ងៃនេះ គឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា “ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទីក្រុងស្អាត”។

សូមបញ្ចាក់ថា៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) និងឡើងទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ASEAN Clean Tourist City Standard Awards ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ ។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ជាមួយនឹងការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

ជាចុងក្រោយ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តបាត់ដំបង មានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង បន្តចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីក្រុងបាត់ដំបងយើងទទួលបានពានរង្វាន់ផ្សេងៗទៀត និងដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនកុះករ៕