ខេត្តបាត់ដំបងសូមស្វាគមន៍

ក្រុងបាត់ដំបង ជាក្រុងប្រវត្តិសាស្រ្ត វប្បធម៌ដ៏ចំណាស់ និងជាទីក្រុងធំទី២ បន្ទាប់ពីរាជធានី ភ្នំពេញ ដែលរាជធានីសេដ្ឋកិច្ច នយោបាល និងវិស័យទំនាក់ទំនង​ការទូត​នៃព្រះជាណាចក្រ​កម្ពុជា។ ​ទីក្រុងនេះ មានស្ទឹង​សង្កែ​ហូរកាត់ចំពាក់កណ្តាលក្រុង អមដោយសំណង់អគារ​បុរាណ វត្តអារាម សំណង់ស្ថាប័ត្យកម្មសម័យបារំាង ដែលរឹតតែធ្វើឲ្យទីក្រុងកាន់តែមាន​ភាពទាក់​ទាញ​ដល់ភ្ញៀវជាតិ អន្តរជាតិ មកទស្សនាពីមួយឆ្នាំទៅមួយឆ្នាំកាន់ច្រើនឡើងៗ ។ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗត្រូវបានរៀបចំយ៉ាងល្អប្រសើរ ផ្លូវគមនា​គមន៍ ទាំងផ្លូវគោក ផ្លូវទឹក នឹងត្រៀមដំណើរការដឹកជញ្ជូនដោយផ្លូវដែក ផ្លូវជាតិភ្ជាប់ពីក្រុងបាត់ដំបងទៅកាន់ខេត្តជាប់ជុំវិញនិងតាមបន្តច្រកទ្វាព្រំដែនសំខាន់ៗជាពិសេសដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ទិសពាយព្យ​​ នៃប្រទេសតាមដងផ្លូវជាតិលេខ៥ ជាផ្លូវ ដែលកាត់ចំណុចកណ្តាល នៃក្រុងបាត់ដំបង ដែលជាសសៃឈាមសេដ្ឋកិច្ច ពាណិជ្ជកម្ម ​ជំនួញប្រចាំតំបន់។ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទីពីរ ក្នុងការជម្រុញ ពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ក្នុងពេលអនាគត។

ក្រុង​បាត់ដំបង គឺជាទីក្រុងមួយអំណោយផលដល់ការរស់នៅ ការបំពេញការងារ និង ទស្សនា​​ កម្សាន្ត​ ជាមូលដ្ឋាន​ផ្តល់ឱ្យភ្ញៀវទេសចរនូវការ​ស្នាក់​​នៅ ​ហូបចុកនិងសេវា​​ផ្គត់ផ្គង់​​​ដ៏ទៃទៀតដែលជាព្រិតិ្តការណ៍សំខាន់ៗ ​មានភាពសម្បូរបែប ផ្តល់ភាពកក់ក្តៅ ​សុវ​ត្ថិភាព​ ​​គុណ​​ភាព និងអនាម័យល្អ​ប្រសើរ ជំរុញ​​​​កំណើន​សេដ្ឋកិច្ច ទ្រទ្រង់​វឌ្ឍនភាព​សង្គម​ និងនិរន្ត​រភាព​​វប្បធម៌។

យោងទស្សនវិស័យ២០៣០ ​​ក្រុងបាត់ដំបងនឹងប្រែក្លាយ​ខ្លួនជាទីក្រុងអភិបាល​កិច្ចល្អ​ និង​គ្រប់​​គ្រងរដ្ឋបាលល្អ  ជាទីក្រុងបៃតង និងសុខមាលភាព ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ​និងសេវាកម្ម​ មជ្ឈម​ណ្ឌលកែច្នៃផលិតផលកសិកម្មនិងជំនួញប្រចាំតំបន់ ជាមជ្ឈមណ្ឌលអប់រំនិង​ចំណេះដឹង និង ជាទីក្រុងបេតិកភណ្ឌ វប្បធម៌ និងទេសចរណ៍។ ក្រុងបាត់ដំបង ក៏ជាបេក្ខភាពលេខ១​ជ័យលាភី​រំដួលបីទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ២០១៥២០១៨ និងធ្លាប់ទទួល​ពាន​​រង្វាន់​និរន្តរភាព​បរិស្ថាន ទីក្រុងអាស៊ាន នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ២០១៤ ផងដែរ។

ក្រុងបាត់ដំបង គឺជាទីក្រុងមានសក្តានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខ្វាត់ខ្វែង ដូចជាផ្លូវ ជាតិ ផ្លូវខេត្ត ផ្លូវក្នុងក្រុង ផ្លូវដែក ផ្លូវទឹក ស្ពាន ប្រពន្ធ័ផ្តត់ផ្គង់ទឹកស្អាត និងអគ្គិសនី ។ល។ ដែលជាសសៃ​ឈាម​ដ៏​​សំខាន់បំផុតក្នុងការ​លើកកម្ពស់សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ជំនួញ សំដៅ​លើក​កម្ពស់​កម្រិតជីវភាព និងកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ​ស្របតាមយុទ្ធ​សាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមសហការពីស្ថាប័ន មន្ទីរ អង្គភាព​ពាក់ពន្ធ័  ដៃគូរអភិវឌ្ឍន៍ ជាពិសេស រដ្ឋបាលខេត្តបាត់ដំបងដែលមានឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង បានជួយគាំទ្រ​យ៉ាងពេញទំហឹង​លើកិច្ចការ ​នេះ។ ក្រៅពីនោះរដ្ឋបាលក្រុងបានយកចិត្ដទុកដាក់កែលំអរទីក្រុងនៅតាមវិថីសំខាន់ៗ អោយកាន់​តែមានសោភ័ណ្ឌភាពថែមទៀត ជាក់​ស្ដែង​​​នៅក្នុងក្រុងបាត់ដំបង បានកែលំអច្រាំងស្ទឹងសង្កែដោយបានចាក់បេតុងការពារច្រាំង  បង្កើត​ផ្លូវ​ភ្លោះតាម​បណ្ដោយ​ផ្លូវជាតិលេខ​៥ ពីចំនុចព្រំប្រទល់ស្រុកសង្កែមករូបសំណាក់លោកតាដំបងក្រញូង និង​ ​ពីរង្វង់​មូលព្រះនរាយទៅដល់ត្រឹមផ្សាជ្រៃ កែលំអសួនតាមបណ្ដោយ​សងខាង​ដងស្ទឹង​សង្កែ  សួនច្បារ​នាគបាញ់​ទឹក  សួនច្បារព្រែកមហាទេព និងបានយកចិត្ដទុកដាក់​អភិរក្ស​សំណង់​ចាស់ៗនៅក្នុងក្រុង។ មិនតែប៉ុណ្ណោះ រដ្ឋបាលក្រុងបាត់ដំបងបានខិតខំ ជម្រុញការកសាងផ្លូវទៅកាន់គោលដៅ​ទេសចរណ៍នានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ និង​​ជា​ប្រយោជន៍បម្រើដល់វិស័យទេស​ចរណ៍ផងដែរ។

ការលើកកម្ពស់ការអភិវឌ្ឍន៍និងអភិរក្ស ក្រុងបាត់ដំបងសម្រេចបាននូវ​ប្លង់គោល​ប្រើ​ប្រាស់ដី ដែលអនុម័តដោយគណះកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្ម​ថ្នាក់ជាតិ នាសម័យប្រជុំ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ និងបានអនុម័តជាផ្លូវការនាថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៥។ ក្នុងការៀបចំការអភិវឌ្ឍន៍​និងអភិរក្ស​ទីក្រុងឲ្យ​កាន់តែប្រសើរ រដ្ឋបាលក្រុង បានធ្វើការបែង​ចែកនិង​កំណត់ជាតំបន់សំខាន់ៗ ដូចជា តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់​បៃតង។ នៅក្នុង​​តំបន់អភិរក្ស  ដែលមានសំណង់ស្ថាប័ត្យកម្ម ខែ្មរបារាំង វត្ថុបុរាណ ចំនួនជាងមួយពាន់ កន្លែង​ នៅក្នុងភូមិសាស្ត្រ​ក្រុងបាត់ដំបង។​ ហើយ​នៅក្នុងទិស​ដៅ​នាពេល​អនាគត ដើម្បីរៀបចំតំបន់អភិរក្សនេះ រដ្ឋបាលក្រុង​បាត់ដំបង ក៏បានស្នើ​សុំដាក់​តំបន់​អភិរក្ស ចុះក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោករបស់​អង្គការយូនីស្កូ(UNESCO) ក្នុងគោល​បំណង​ប្រែក្លាយទីក្រុងនេះជាគោលដៅទេសចរណ៍វ​ប្បធ​ម៌​ និងធម្មជាតិ បន្ទាប់ពី​គោលដៅ​ទេសចរណ៍​ដទៃ​ទៀតនៅកម្ពុជា។

ដើម្បីសម្រេចគោលដៅដែលបានលើកឡើងខាងលើ ក្រុងបាត់ដំបង បានចូលរួមក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានក្រុងដែលមានផ្នែកកសិកម្ម ​ឧស្សាហ​កម្ម និងទេសចរណ៍ ប្រែក្លាយក្រុងនេះជាមជ្ឃមណ្ឌលពាណិជ្ជកម្ម សេវាកម្ម ជំនួញ ការងារ អប់រំ កម្សាន្ត ប្រចាំតំបន់ សម្បទាសំខាន់ៗដូចជាមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន មណ្ឌលសុខភាពរដ្ឋ ក្លីនិកឯកជន​បម្រើសេវាពិគ្រោះនិងព្យាបាលជំងឺ គ្រិះស្ថានអប់រំរដ្ឋនិងឯកជន សាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា  ធនាគារជាតិ ធនាគារឯកជន គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន សហគ្រាសច្រើន ដែលបាននឹងកំពុងរួមចំណែកសកម្មក្នុងការជម្រុញល្បឿនសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កម្រិត​ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណះ ក៏ជា​កត្តា​មិន​អាចខ្វះបាន ដើម្បីរក្សានូវសុវត្ថិភាព និងសម្រួលចរាចរណ៍ជូន​អ្នកបើកបរ និងអ្នកដំណើរ​​ទូទៅ ដោយ​មាន​ការបំពាក់ភ្លើងស្តុបចរាចរចំនួន ០៩ កន្លែង​ ស្ថិតនៅទីប្រជុំជនក្រុង។ តែអ្វីដែលសំខាន់​លើស​ពីនេះទៀត គឺគោលការណ៍ភូមិឃុំ​មាន​សុវត្ថិភាព​ចំនួន ៩ចំណុច ក៏បាន អនុវត្តយ៉ាងខ្ជាប់ខ្ជូន ដើម្បី​រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសមានកម្លាំងនគរបាលទេសចរណ៍ ប្រចាំការនៅតាមគោលដៅដែលធ្វើឱ្យភ្ញៀវ​ទេសចរជាតិ អន្តរជាតិមក​ស្នាក់នៅ និងទស្សនាកំសាន្តនៅក្នុងក្រុងបាត់ដំបង ទទួលមានភាពកក់ក្តៅ។

រដ្ឋបាលក្រុងក៏បានយកចិត្តទុកដាក់​ខ្ពស់ផងដែរ លើការងាររៀបចំគ្រប់គ្រងបរិស្ថាន និងភាពស្អាត រៀបចំនូវ​តំបន់បៃតង មាន​សួន​ច្បារសាធារណៈ សួនកុមារ សួនហាត់ប្រាណ បន្ទប់ទឹកនិងបង្គន់សាធារណៈ ធុង​សំរាមទីតាំងស្តុកសំរាមបណ្តោះអាសន្ន ភ្លើងលម្អក្រុង ភ្លើងបំភ្លឺសាធារណៈ សំដៅ​លើក​កម្ពស់​សុខមាល​ភាពសាធារណៈ ​និងជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងសាធារណះជន មកសំរាកលំហែ​កម្សាន្ត។ ការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង រដ្ឋបាលក្រុងក៏បានខិតខំធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹងអំពីការញែក វេចខ្ចប់ និងទុក​ដាក់សំរាម​សំណល់​រឹងឲ្យបានត្រឹមត្រូវ ដល់​ប្រជាពលរដ្ឋ ម្ចាស់មូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ​ គ្រិៈស្ថានសាធារណៈ និងឯកជន ឱ្យចូលរួមទុកដាក់សំរាម សំណល់រឹង តាមរយៈ វេទិការសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយចល័ត កិច្ចប្រជុំផ្សព្វផ្សាយ ចុះធ្វើការណែនាំ និងព្រឹត្តិការណ៍​បរិស្ថានសំខាន់ផ្សេងៗទៀត។ ក្រុងបាត់ដំបងក៏បានលើកទឹកចិត្តនិង គាំទ្រយ៉ាងពេញទំហឹងដល់ស្ថាប័នឯកជន ក្នុងការបង្កើតកម្មវិធី រើសសម្រាមសម្អាតអនាម័យ និងការសម្អាតផ្លូវថ្នល់ក្នុងក្រុង ដែលជាសកម្មភាពគំរូមួយ ចូលរួមចំណែកក្នុងការជម្រុញយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យកាន់តែមានប្រសិទ្ធភាព។ ចំពោះការគ្រប់គ្រងសំរាមសំណល់រឹងរាវ បច្ចុប្បន្ននេះ ក្រុងបាត់ដំបង​បានពង្រីកសេវាប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹង របស់ខ្លួន ទូទាំង១០សង្កាត់ ដែលមានក្រុម​ហ៊ុនចំនួន២ កំពុងប្រតិបត្តិការប្រ​មូល​ដឹកជញ្ជូន និងមានទីលាន ចាក់​សំរាមចំនួន​១ កន្លែង ផ្ទៃដីមានទំហំ០៨ ហិតា ដែល​មានចំងាយ៥ គីឡូម៉ែត្រ ពីទី​ប្រជុំ​ជនក្រុង។ ចំពោះការគ្រប់​គ្រងសំណល់រាវ មន្ទីរសាធារណៈការខេត្ត និងសាលាក្រុងបាត់ដំបង បានរៀបចំភ្ជាប់​បណ្តាញលូ​​បង្ហូរទឹកសម្អុយទៅកាន់​ទីអាង​ប្រព្រឹត្តកម្ម​ទឹកសម្អុយសាវ៉ា ដែល​​សិ្ថតនៅសង្កាត់ចំការសំរោង ផ្នែកខាងលិចស្ទឹងសង្កែ ដែលមានសមត្ថភាព​ចម្រោះ​ទឹកស្អុយ​ប្រមាណ​២៥,០០០ម៉ែត្រគូប។ ក្នុងពេលអ​នាគតដ៏ខ្លីខាងមុខនេះ នឹងរៀប​ចំអាង ប្រពឹត្តិកម្មមួយទៀត ផ្នែកខាងកើត​ស្ទឹងសង្កែ ដើម្បីឆ្លើយតប​នឹងតម្រូវការប្រជាពលរដ្ឋនិង​អភិវឌ្ឍន៍ក្រោមគម្រោង​គាំទ្រ​របស់​ធនាគារអភិវឌ្ឍអាស៊ី (ADB) ។ មិនតែប៉ុណ្ណោះ លូរំដោះទឹកភ្លៀងត្រូវបានរៀបចំដាច់ដោយឡែកពីប្រព័ន្ធលូបង្ហូរទឹកស្អុយនៅតំបន់សំខាន់ៗក្នុងក្រុង ដើម្បីបញ្ជៀសឱ្យទាន់ពេលនូវការលិច ស្ទះទឹកតាមផ្លូវ។

ក្រុងបាត់ដំបងជាមេដែកឆក់មួយនៃតំបន់នេះ មានសក្ដានុពលទាក់ទាញទេសចរណ៍ខ្លាំង​ណាស់ដូច ជា ផ្ទះខ្មែរបុរាណ   អគារស្ថាបត្យកម្មកម្រ    សណ្ឋាគារ​ខេត្ដ ( អគារសាលាខេត្ដចាស់ ) វត្តអារាមប្រវត្ដិសាស្ដ្រសម័យលោកម្ចាស់និងអាណានិគម ហើយក្រៅពីនេះនៅ​មាន ដងស្ទឹងសង្កែ  បឹងបួរ និងតំបន់កសិទេសចរណ៍ ដែលជា គោលដៅ ទេសចរណ៍បែប វប្បធម៌ ប្រវត្ដិសាស្ដ្រ ធម្មជាតិ​ និងកែច្នៃ ជាសក្ដានុពលដ៏សំខាន់ ​បំរើអោយវិស័យ​ទេសចរណ៍ សំរាប់ភ្ញៀវទេសចរជាតិ  និងអន្ដរជាតិមកទស្សនាកំសាន្ដស្រាវជ្រាវ និងសំ​រាក​​លំហែ​​​កាយ​​ដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ហេដ្ឋារចនាសម្ព័ន្ធ​និងសម្បទាបំរើ​អោយ​វិស័យទេសចរណ៍បានរីកចំរើនឡើងផងដែរដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តមនុស្សពេញវ័យ។ល។  ជាមួយគ្នានេះកត្ដា សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុងខេត្ដក៏មានភាពល្អប្រសើរ ។ មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយរដ្ឋបាលក្រុង និងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រៀប​ចំផែន​ការ​អភិវឌ្ឍទេសចរណ៍ បង្កើតប្លង់មេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍​ ដើម្បីពង្រឹង ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ តភ្ជាប់តំបន់ទេសចរណ៍​ក្នុងខេត្ត មណ្ឌល​ពត៌មានទេសចរណ៍ ទីតាំងលក់ទំនិញ និងលក់វត្ថុអនុស្សារីយ៍ ជម្រុញការរៀបចំតំបន់ទេសចរណ៍ជាច្រើនកន្លែង​សំរាប់​ភ្ញៀវទេសចរ មកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយផាសុខភាព និងសប្បាយ រីករាយ បំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ។

ជារៀងរាល់ឆ្នាំ រដ្ឋបាលក្រុងបាត់ដំបងបានបង្កលក្ខណៈឱ្យមានការរៀបចំព្រិត្តិការណ៍ សំខាន់ៗដូចជា ពិធីបុណ្យអុំទូក អបអំបុក សំពះព្រះខែ, ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ, ពិធីបុណ្យឆ្លងឆ្នាំសកល, ពិព៌រណ៍ម្ហូបអាហារអ្នកស្រុកបាត់ដំបង, ពិព័រណ៍ពាណិជ្ជកម្ម, ព្រឹត្តិការណ៍ជិះកង់, និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ សហគមន៍ទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់រៀបចំ ដោយដាក់បញ្ចូលនូវសកម្មភាពទេសចរណ៍ទៅក្នុងសហគមន៍នានាដែលមានស្រាប់ ​ដែលជម្រុញភាពសម្បូរបែបនៃផលិតផលទេសចរណ៍​ជួយផ្ដល់​ផល​ប្រយោជន៍ជូនប្រជាជនក្នុងសហគមន៍ ការធ្វើដំណើរ ទស្សនាកំសាន្ដតាមផ្លូវទឹក  ទស្សនាតាមភូមិអ្នកនេសាទ តំបន់នេសាទ ដែលមានទេសភាពដ៏ស្រស់ស្អាតនៃដងស្ទឹងសង្កែ ផ្ដល់ជំរើសថ្មីដល់ទេសចរថែមទៀត ។  សាលាក្រុងបាត់ដំបង សហការជាមួយមន្ទីរទេសចរចណ៍ និងស្ថាប័នពាក់ព័ន្ធខិតខំ រៀបចំកែលម្អ តំបន់​ទេសចរណ៍​វប្បធម៌ ធម្មជាតិ តំបន់​ទេសចរណ៍​កែច្នៃ កន្លែងផ្តល់​​ព័ត៌មានទេសចរណ៍ ប៉ុស្តិ៍នគរ​បាលទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់(homestay) ភោជនីយដ្ឋាន អាហារដ្ឋាន សេវាដឹកជញ្ជូនទេសចរ ផ្សារសាធារណៈ ផ្សារទំនើប ផ្សាររាត្រី ក្លឹបហាត់ប្រាណ ក្លឹបកម្សាន្ត សម្រាប់ភ្ញៀវជាតិ អន្តរជាតិសម្រាក ដើរកម្សាន្តពេលរាត្រី។

ក្រុងបាត់ដំបង ជាទីក្រុងមានភាពស៊ីវិល័យ អនាម័យបរិស្ថានល្អ សោភ័ណភាពស្អាត​រួមទាំងប្រជាពលរដ្ឋ ក៏មានឥរិយាបថល្អ សុភាពរាបសារ រូសរាយរាក់ ដែលធ្វើទី​ក្រុង​បាត់ដំបង​មានកិត្យានុភាព និងភាពល្បីល្បាញគួរជាទីមោទនៈ។ បានលើកកម្ពស់គុណភាពនៃការបម្រើសេវារបស់បុគ្គលិកបំរើការតាមបណ្តាគោលដៅទេសចរណ៍និងមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងក្រុងមានភាពប្រសើរឡើងជាបន្តបន្ទាប់ តាម     រយៈការឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញតាមស្តង់ដាក្រសួងទេសចរណ៍។យុទ្ធនាការឃោសនាផ្សព្វ​ផ្សាយ​ ទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ និងចលនា​ប្រលង​ប្រណាំង  “ ទីក្រុងស្អាត រមណីយដ្ធានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ“   ជាចក្ខុវិស័យមួយក្នុងការជំរុញការអភិវឌ្ឈវិស័យ​ទេសចរណ៍នៅទូទាំងក្រុងបាត់ដំបង។ សកម្មភាពនេះបានប្រព្រឹត្ដទៅយ៉ាងផុលផុសទូទាំងក្រុងបាត់ដំបង ការបញ្ជ្រាបការយល់ដឹងបំផុសអំពីភាពស្អាត​ និងការលើកកំពស់​គុណ​ភាព​សេវា​ទេសចរណ៍ និងរក្សាបាននូវអនាម័យបរិស្ថានខ្ពស់ប្រកបដោយការទទួលខុសត្រូវ ធ្វើអោយប្រជាពលរដ្ឋ មហាជន គ្រប់ស្រទាប់និងគ្រប់មជ្ឈដ្ធានមានការយល់ដឹងបន្ថែមមានការភ្ញាក់រលឹក និងរីករាយគាំទ្រ ធ្វើអោយក្រុងបាត់ដំបងមានសោភ័ណ្ឌភាពល្អ អនាម័យល្អ មានរបៀបរៀបរយ សណ្ដាប់ធ្នាប់សង្គមល្អ។

យើងទាំងអស់គ្នា ដើម្បីទីក្រុងស្អាត ទីក្រុងស្អាត ដើម្បីយើងទាំងអស់គ្នា!!!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *