ភ្ញៀវទេសចរជាច្រើនទស្សនាព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

(សៀមរាប)៖ សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើនបានទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលចំនួននេះច្រើនកុះករ ក្រោយវិបត្តិជំងឺកូវីដរាតត្បាត២ឆ្នាំមកនេះ។

តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។ ដ្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដាលកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង។

ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះ ពិតជាបង្ហាញយ៉ាងច្បាស់ ពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល ហើយខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ទេសចរអំឡុងពេលជំងឺកូវីដ១៩នេះ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថាសម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញា នឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕