ប្រវត្តិនិងអត្ថន័យពិធីបុណ្យអុំទូក

ប្រវត្តិសាស្ត្របានបញ្ជាក់ថានៅ ” ថ្ងៃ ១៤-១៥ កើតខែអស្សុជ និង ១ រោជខែកក្ដិក ” ពិធីអុំទូក អកអំបុក បណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិដ៏ធំមួយបានប្រារព្ធឡើង។ បុណ្យនេះមានដើមកំណើតតាំងពីបុរាណកាលមក ដែលយើងឃើញមានការចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬតាមសិលាចារឹក នៃប្រាសាទនានាជាដើម ។
ពិធីបុណ្យ រីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ (សតវត្សរ៍ទី ១២) និងសម័យលង្វែកនាពុទ្ធសករាជ ២០៧១ គ្រិស្តសករាជ ១៥២៨ ក្នុងរាជព្រះបាទអង្គច័ន្ទទី១។
ហេតុដែលសម័យទាំងពីរនោះមានការរីកចម្រើន ពីព្រោះ :
ក. នៅសម័យអង្គរសតវត្សរ៍ទី១២ ក្រុងកម្ពុជាមានសេចក្ដីសុខសប្បាយក្សេមក្សាន្ត រុងរឿងណាស់។ព្រះបាទជ័យវរ្ម័នទី ៧ បានចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបបច្ច្ចាមិត្ត ដោយប្រើកងទ័ពទូករំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ ។ រឿងចម្បាំងទាំងអស់នាគ្រិស្តសករាជ ១១៧៧-១១៨១ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកនៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះឆាយា លក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង កាន់ធ្នូរដំបង អមដោយកងទ័ពយ៉ាងច្រើនមហិមា ។


ខ. តាមឯកសារប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ និពន្ធដោយ ថាប់ ប៉ែន បាន សរសេរថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទទី ១ ទ្រង់តាំងពញាតាត ងារជាសិទ្ធភូបាល ជាស្ដេចនៅកម្ពុជាក្រោមស្រុកបាសាក់ ឲ្យរៀបចំកងទ័ព ជើងទឹកចែកចេញជាបីក្រុម ។
ក្រុមទី ១ : គឺកងទ័ពស្រួចហាត់ច្បាំងដោយទូកង
ក្រុមទី ២ : គឺជាកងទ័ពជំនួយហាត់ច្បាំងដោយទូកចែវពីរជួរ
ក្រុមទី ៣ : គឺជាទ័ពបាសាក់ ជាទូកធំមានដំបូល១កាត់ មានក្ដោងដូចជាទូកប៉ុកចាយ តែរាងស្ដួចវែង សម្រាប់ផ្ទុកស្បៀងកងទ័ព ។
គ. តាមឯកសារមហាបុរសខ្មែរ ព.ស ២៤០៤ គ.ស ១៨៦០ បានចែងថា ព្រះបាទ នរោត្ដម ត្រាស់បង្គាប់មន្ត្រីរាជការរៀបចំពិធីបុណ្យទ្វាទសមាស ។ ស្ដេចគង់នៅព្រះរាជ ដំណាក់ផែទតទូក ទូកមួង ទូកចែវ ដែលអុំប្រណាំងថ្វាយផ្ដាច់ព្រ័ត្រក្នុងពេលចេញវស្សា និងជាដង្វាយដល់ព្រះច័ន្ទ ព្រមទាំងបណ្ដែតប្រទីបថ្វាយដល់ព្រះចង្កូមកែវ ។
* ពិធីបុណ្យអុំទូក :
បុព្វបុរសខ្មែរយើង ដែលរក្សាបាននូវបូរណភាពទឹកដី បង្ក្រាបបានរាល់សង្គ្រាមឈ្លាន ពាននៃបច្ចាមិត្រ ដែលមានបំណងដណ្ដើមយកនូវសម្បត្តិជាតិ ដូនតាយើងមានកងទ័ពជាច្រើនផ្នែក ពិសេសគឺកងទ័ពជើងទឹកនេះឯង ។ ពិធីអុំទូកជាពិធីមួយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹករបស់ខ្មែរបុរាណ ដែលពីដើមគេតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៥ កើត និង ១ រោចខែអស្សុជ រៀងរាល់ឆ្នាំ ។ ម្យ៉ាងទៀតដោយមានការដឹងគុណ ដល់ទឹកដីដែលយើងគ្រប់គ្នាបានរស់នៅសុខ សាន្តនេះ ពិធីនេះប្រារព្ធឡើងដើម្បីជាដង្វាយដល់ព្រះគង្គា និងព្រះធរណី ។
ក្នុងឱកាសបុណ្យចេញវស្សាឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបាត់ដំបងបានរក្សាខ្ជាប់នូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនតរៀងមក ហើយជាឆ្នាំលើកទី១៧ ក្នុងការរៀបចំពិធីប្រណាំងទូកង ដើម្បីអបអរសាទរថ្ងៃបុណ្យចេញវស្សានិង បង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋយើង នាថ្ងៃទី៤និងទី៥ ខែតុលានេះ នៅស្ទឹងសង្កែក្រុងបាត់ដំបង ។ ឆ្នាំនេះរដ្ឋបាលខេត្តបានទទួលទូកងចំនួន៣០ទូកចូលរួមប្រកួតក្នុងនោះមានកីឡាករមកពីប្រទេសថៃ និង ខេត្តសៀមរាបប្រកួតជាមិត្តភាព មានបណ្តែតប្រទីប ប្រគុំតន្រ្តី តាំងពិព័រណ៌ផលិតផលកម្ពុជាថៃ បាញ់កាំជ្រួញ បង្ហោះគោម និងបង្ហោះឆត្រយន្តផងដែរ ។ ការបើកកម្មវិធីថ្ងៃដំបូងវត្តមានអញ្ជើញជាអធិបតី ឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ងួនរតនៈ អភិបាលខេត្តស្តីទី និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពរដ្ឋ បានអបអរសាទរ និង សប្បាយរីករាយក្នុងថ្ងៃបុណ្យចេញព្រះវស្សានេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។