ការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ ប្រកាសដាក់ឲ្យអនុវត្ត “ការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍កម្ពុជា”

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍កម្ពុជា នៅវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ (PSE) ដែលមានអ្នកចូលរួមប្រមាណជាង ៦០០ នាក់។

សិក្ខាសាលានាឱកាសនេះ បានបង្ហាញអំពីសកម្មភាពយុទ្ធសាស្រ្តថ្មីមួយបន្ថែមទៀត ដែលក្រសួងទេសចរណ៍រៀបចំ និងប្រកាសអនុវត្តចាប់ពីថ្ងៃនេះតទៅ ពោលគឺការវាយតម្លៃបទពិសោធន៍ ជំនាញ និងចំណេះដឹងរបស់អ្នកជំនាញដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ហើយដែលពុំទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្លូវការបញ្ជាក់សមត្ថភាព ក្រោមយន្តការនៃ “ការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning)”។
ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានរៀបចំ និង អនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងបានដាក់ចុះនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)”។

ដើម្បីទ្រទ្រង់យុទ្ធនាការ និងផែនការយុទ្ធសាស្ត្រខាងលើ ក្រសួងទេសចរណ៍ បានបំពេញការងារយ៉ាងសកម្មមួយចំនួនកន្លងមក ដោយសហការជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ រួមមាន លេខាធិការដ្ឋានអាស៊ាន ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សាលាបណ្តុះបណ្តាល អង្គការជាតិ និងអន្តរជាតិនានា បណ្តុះបណ្តាលគ្រូបង្គោល អ្នកវាយតម្លៃបង្គោល ដាក់បញ្ចូលកម្មវិធីសិក្សាជំនាញទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រមទាំងបានរៀបចំ និងកំពុងដំណើរការរៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញទេសចរណ៍ផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់យុវជន អ្នកជំនាញទេសចរណ៍អតីតសិស្ស PSE មកដាក់ពាក្យស្នើសុំការវាយតម្លៃនៅសាលា PSE ឬ តាម ប្រព័ន្ធអនឡាញឲ្យបានកុះករ និងគ្រប់ម្ចាស់អាជីវកម្មនៃវិស័យទេសចរណ៍ទាំងអស់ ផ្សព្វផ្សាយគោលនយោបាយវាយតម្លៃនេះដល់បុគ្គលិករបស់ខ្លួន ដើម្បីជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់នីតិកាលទី៦ ខាងមុខ។
សូមរំលឹកជូនផងដែរថា សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ នេះ ត្រូវបានអាស៊ានចាត់ទុកជាសាលាឆ្នើម ក្នុងការចូលរួមបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមយន្តការអាស៊ាន ហើយប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ក៏ធ្លាប់មកសិក្សាដកបទពិសោធន៍ផងដែរ។

41 thoughts on “ការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍កម្ពុជា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។