ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2និងថៃ្ងបញ្ចប់គឺជាថៃ្ង”ភ្ជុំបិណ្ឌ”។បុណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា”បាយបិណ្ឌ”)។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះបច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នាហើយហៅកាត់ថាពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។ រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌអ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ៣ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
គម្ពីរបេតវត្ថុ: បកស្រាយពីរឿងប្រេតគម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផល នៃការធ្វើបុណ្យគម្ពីរពិទ្យាធរឬគម្ពីរវិជ្ជាធរៈនិយាយ តំណាលអំពីប្រពៃណីរបស់ជាតិខែ្មរដែល ជាប់ទាក់ទងមកដល់សព្វថៃ្ងគម្ពីរវិមានវត្ថុគម្ពីរធម្មបទជាដើម…។
បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : “ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *