ប្រវត្តិរឿង៖ កូរសមុទ្រទឹកដោះ

ប្រវត្តិរឿង៖ កូរសមុទ្រទឹកដោះ

បុរាណខ្មែរយើង បានឆ្លាក់រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន ៨៨អង្គ។ រឿងកូរសមុទ្រទឹកដោះ មានកំណើតឡើងនៅរវាងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថបាពួន។
បើតាមទេវកថា រឿង កូរសមុទ្រទឹកដោះនេះ មានតំនាលរៀបរាប់ថា ៖
ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃ និងរាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយ ពួកទេវៈមួយចំនួនក នាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធ ប្រឆាំង តបតនឹងពួកអសុរៈ វិញ អស់រយៈពេលជាច្រើនឆ្នាំ។ ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដី តែពុំមានអ្នកចាញ់ឈ្នះ។ សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗ ត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំង ក៏នាំគ្នាផ្អាកចំបាំង ហើយក៏ហោះហើរកាត់ផ្ទៃពពក សំដៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជ ឱ្យជួយដោះស្រាយបញ្ហា ផ្សះផ្សាគំនុំសងសឹករវាង ពួកអសុរៈ និងពួកទេវៈ។ ក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយ អំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយ ព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅ ក្រោយមក ទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖” ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀម តាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និងដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នា ឱ្យមានសេរីភាពសុខសាន្តនោះ, យើងមានមធ្យោបាយមួយអោយអ្នកគិត គឺថា អ្នកត្រូវនាំគ្នា កូរសមុទ្រទឹកដោះ” ដើម្បីស្វែងរកទឹកអម្រឹត ដែលធ្វើអោយ ជីវិតអមតៈ!! រាត្រីកាលក៏ចូលមកដល់ ។ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា រួចហើយ ក៏ត្រិះពិចារណ៍ រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះ ទៅលើពួកអសុរៈ ព្រោះថា បើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមាន សមត្ថភាព និង កំលាំង គ្រប់គ្រាន់ក្នុងការ យកជ័យជំនះ លើហ្វូងអសុរៈ បានងាយៗឡើយ។ មធ្យោបាយល្អ មានតែម្យ៉ាងគត់ គឺប្រើល្បិច ដើម្បី យកឈ្នះ ។ គិតគ្នារួចហើយ ទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏យល់ព្រមជួយដល់ពពួកទេវតា ។ ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកព្រះអាទិទេព ពួកទេវៈ និងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈ តាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង) និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។ ពួកទេវៈ និងអសុរៈ ក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈ ចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ ដោយមើលឃើញនូវស្ថានភាពបែបនេះហើយ ព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួន ធ្វើជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផុតផ្ទៃទឹក។នៅចុងបំផុត ថូទឹកអម្រឹតក៏បានផុសឡើង ហើយពួកអសុរៈក៏ដណ្តើមយកបានមុន ពួកទេវតា ។ ព្រះវិស្ណុឃើញដូច្នោះ ក៏គិក្នុងចិត្តថា បើសិនជា ពួកអសុរះទាំងអស់នោះ បានផឹកទឹកអម្រឹតជីវិតអមតៈនោះ ពួកគេកាន់តែមានកំលាំង កាន់តែខ្លាំងពូកែ គ្មាននរណា ម្នាក់អាចយកឈ្នះពួកគេនោះទេ ។ គិតរួចហើយ ព្រះវិស្ណុក ក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយ ចូលទៅលួងលោមប្រលោម ពួកអសុរៈ ដើម្បីអោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈ នោះចោល។ ដោយសារតែ ចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះ មេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ។ ពពួកទេវៈឃើញហើយ ក៏នាំគ្នារើសយកមកចែកគ្នាក្រេប បានគ្រប់ៗអង្គពុំមានខាន ។តែគ្រានោះ មាន យក្សមួយម្នាក់ ព្រះនាម « រាហ៊ូ» ក៏បន្លំខ្លួននៅក្នុងចំណោមពួកទេវតា ហើយក៏បានផឹកទឹកអម្រឹតនោះផងដែរ ។ ពេលនោះ ព្រះអាទិត្យនិង ព្រះច័ន្ទបានដឹងរឿងនេះ ហើយក៏បានទូលថ្វាយដល់ ព្រះវិស្ណុ ភ្លាមៗ ។ ក្រោយមក រាហ៊ូ ក៏បានប្រែក្រឡាជា យក្សាវិញ ហើយរត់ចេញពី ទីកន្លែងនោះ ។ ព្រះវិស្ណុកើតសេចក្តី ខឹងយ៉ាងខ្លាំង ក៏ទាញ កងចក្រគប់តម្រង់ទៅ រាហ៊ូ ដាច់ត្រឹមក ។ ដោយសាតែរាហ៊ូ បានផឹកទឹកអម្រឹតជីវិតអមតៈ ទើបធ្វើអោយ រាហ៊ូ មិនស្លាប់ហើយនៅនៅរស់ត្រឹមក្បាល ។ រាហ៊ូ កើតខឹង ហើយ ចងគំន៊ំ ជាមួយព្រះអាទិត្យ និង ព្រះច័ន្ទជាខ្លាំង ក៏បានសន្យាថា កាលណា ខ្លួនបានជួបនឹង ព្រះអាទិត្យនិង ព្រះច័ន្ទកាលណា គឺនឹង ចាប់លេប ជាមិនខាន ។ នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័ន គេក៏សង្កេតឃើញមានរូបបដិមាជាច្រើន មានមាឌធំៗ តម្រៀបគ្នាជាជួរ ទាញដងខ្លួនពស់នាគរាជវ៉ាសុគី ឈរនៅអមសងខាងផ្លូវ ក្នុងភាពជានិមិត្តរូបមួយនៃអាទិទេព ក្នុងរឿង កូរសមុទ្រទឹកដោះនោះដែរ។ រឿង “កូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹតជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *