ពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី១៤ នៅទីក្រុងហូជីមីញ

ក្រសួងទេសចរណ៍កម្ពុជា ចូលរួមតាំងពិព័រណ៌ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើកទី១៤ នៅទីក្រុងហូជីមីញ ចាប់ពីថ្ងៃ៦-៨ ខែកញ្ញា។

(ហូជីមិញ)៖ គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក្រុមហ៊ុនឯកជន និងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៤ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០១៨។ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការនូវដំណើរការតាំងពិព័រណ៍អន្តរជាតិ លើកទី១៤ ដែលមានក្រុមហ៊ុន និងភ្ញៀវទេសចរអន្តរជាតិមកពីជាង ៥០ប្រទេស នៅលើពិភពលោកចូលរួមយ៉ាងច្រើនកុះករ។ គិតមកដល់ឆ្នាំ២០១៨ គឺមានរយៈពេល១៤ឆ្នាំហើយ ដែលក្រសួងទេសចរណ៍កម្ពុជា បានមកចូលរួមជារៀងរាល់ឆ្នាំក្នុងពិព័រណ៍អន្តរជាតិ ក្នុងនោះមានស្ដង់ពិព័រណ៍ប្រមាណ ៣០០ស្ដង់ ចូលរួមដោយក្រុមហ៊ុនធំៗមានអ្នកលក់អ្នកទិញ (Buyer) អ្នកលក់ (Seller) និងប្រព័ន្ធផ្សព្វផ្សាយ (Media) មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ក្នុងព្រឹត្តិការណ៍តំាងពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៤ រយៈពេល៣ថ្ងៃនេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំកម្មវិធីរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា Cambodia Night នៅថ្ងៃទី០៦ ខែកញ្ញា ដើម្បីបង្កើនការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទំាងបង្ហាញនូវសក្តានុពលទាក់ទាញទេសចរណ៍សំខាន់ៗ ទាំងវប្បធម៌ និងធម្មជាតិដល់ភ្ញៀវទេសចរអន្តរជាតិនានា នៅសណ្ឋាគារ Rex នៅទីក្រុងហូជីមិញ។ ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏មហោឡារិកនោះ ឯកឧត្តមរដ្ឋលេខាធិការ សូ ម៉ារ៉ា បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ហើយក៏ជាឆ្នាំទី១៤ដែរ ដែលកម្ពុជាតែងតែផ្ដល់នូវកិច្ចសហការគាំទ្រ ដល់ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញ (ITE-HCMC) តាមរយៈការចូលរួមមានស្ដង់ពិព័រណ៍ រួមជាមួយការសម្ដែងសិល្បវប្បធម៌គួរជាទីរំភើប ក្នុងការទាក់ទាញជូនភ្ញៀវចូលរួមទស្សនា។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាជនកម្ពុជាទាំងមូលកំពុងតែរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥.៦លាននាក់ កើនឡើងចំនួន ១១.៨% និងនៅឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣លាននាក់ ស្ថិតក្នុងកំណើន ១២.៧%។ កម្ពុជាសង្ឃឹមថា នៅឆ្នាំ២០១៨ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.២លាននាក់។រាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលនេះ ឯកឧត្តមរដ្ឋលេខាធិការមានទំនុកចិត្តថា «កម្ពុជានឹងទទួលបានវិនិយោគិន និងទេសចរពីគ្រប់ទិសទី ពិសេសទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះកម្ពុជាមានកត្តាជំរុញជាច្រើន ដូចជាថ្មីៗនេះ គោលដៅទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា ប្រាសាទអង្គរវត្តទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ពីទីភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរទេសចរណTripAdvisor ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៨ (Angkor Wat is the World’s Best Landmark for 2018) ក្នុង Traveler’s Choice Award»។ គោលដៅទេសចរណ៍កម្ពុជាកំពុងកែប្រែផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងខ្ពស់ ដើម្បីស្វាគមន៍ទេសចរជុំវិញពិភពលោកមកទស្សនា។ ការរីកចម្រើនឥតឈប់ឈរនេះ បានធ្វើឱ្យតំបន់ប៉ូលទេសចរសៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ ទទួលបានការទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនថែមទៀត ជាពិសេសរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាក៏កំពុងក្លាយជាគោលដៅទេសចរណ៍ MICE ដ៏សំខាន់ក្នុងតំបន់ព្រមទាំងហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់កំពុងធ្វើការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សូមបញ្ជាក់ថា ប្រទេសវៀតណាម ជាច្រកទ្វាទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ទាំងទេសចរវៀតណាម និងទេសចរប្រទេសទីបី។ ទេសចរវៀតណាម ស្ថិតក្នុងចំណាត់លេខ២ បន្ទាប់ពីភ្ញៀវទេសចរមកពីប្រទេសចិនតាមផ្លូវគោគ និងផ្លូវអាកាស។ ក្រសួងទេសចរណ៍ បានខិតខំធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីបន្តពង្រឹងការផ្សព្វផ្សាយនៅទីផ្សារទីក្រុងហូជីមិញ នៃការតំាងពិព័រណ៍លើកទី១៤ ដោយមានការចូលរួមពីក្រុមហ៊ុនឯកជនចំនួន ១២ក្រុមហ៊ុន៕

4 thoughts on “ពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី១៤ នៅទីក្រុងហូជីមីញ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។