ការកសាងគោលនយោបាយទេសចរណ៍និរន្តរភាពនិងទីក្រុងបាត់ដំបង

ក្រុងបាត់ដំបង ជាក្រុងគោលដៅមួយក្នុងចំណោមក្រុង៣ ដែលគ្រោងនាំយកទីក្រុងរបស់ខ្លួន ចុះក្នុងបញ្ជីអង្គការយូណេស្កូ ជាទីក្រុងបេតិកភណ្ឌពិភពលោក
ដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីការការពារ អភិរក្សបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ក៏ដូចជាអត្ថប្រយោជន៍ និងតម្លៃអំពីប្រសិទ្ធភាពនៃយន្តការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងផ្តល់នូវធាតុចូលសំខាន់ៗ ក្នុងការកសាងនូវគោលនយោបាយទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ ក៏ដូចជា ការផ្តល់ឆន្ទៈពិតអំពីការចូលរួម និងថែរក្សាបេតិកភណ្ឌជាតិផងនោះ។នាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោទេសចរណ៍ បានរៀបចំបើកសិក្ខាសាលាស្តីពីការកសាងគោលនយោបាយទេសចរណ៍និរន្តរភាព និងទីក្រុងបេតិកភណ្ឌនៅក្នុងខេត្តបាត់ដំបង។

នេះគឺជាខេត្តទី២បន្ទាប់ពីខេត្តកំពត ក្នុងចំណោមខេត្តគោលដៅចំនួន៣ ដែលគ្រោងនាំយកទីក្រុងរបស់ខ្លួន ចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក។ ក្នុងនោះមានខេត្តបាត់ដំបង កំពតនិង ខេត្តក្រចេះ។នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសបើកសិក្ខាស្តីពី«ការកសាងគោលនយោបាយទេសចរ ណ៍និរន្តរភាព និងទីក្រុងបាត់ដំបង» ដែលបានធ្វើឡើងនៅសណ្ឋាគារ “ឡឺប្រេស៊ីដង់” ក្រោមវត្តមានឯឧ ហឿង សុគន្ធ អភិបាលរងខេត្តតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០១ខែវិច្ឆិកា ២០១៨នេះ។ឯកឧត្តមបន្ថែមទៀតថា ដោយទីក្រុងបាត់ដំបង គឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងចំនួន០៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងធ្វើការសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក។ វាក៏ជាសញ្ញាថ្មីមួយបន្ថែមទៀតផងដែរ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ អោយកានយតែមានភាពទាក់ទាញ និងបញ្ជ្រាបនូវការយល់ដឹងអំពីការដាក់ទីក្រុងបាត់ដំបង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ឯកឧត្តម ហឿង សុគន្ធ រំពឹងទុកថា សិក្ខាសាលានាពេលនេះ នឹងទទួលបាននូវការចែករំលែកចំណេះដឹង និងបរិការនៃបទពិសោធន៍ថ្មីៗ ជូនដល់សិក្ខាកាមក្នុងការផ្តល់នូវមតិគន្លឹះសំខាន់ៗ ក្នុងការចូលរួមចំណែកជំរុញឲ្យទីក្រុងបាត់ដំបង ឆ្ពោះទៅរកទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលមានការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព។សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ និងតំបន់សក្តានុពលទេសចរណ៍ សរុបចំនួន៤៣កន្លែង។ ក្នុងនោះដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ៥កន្លែង រមណីយដ្ឋានធម្មជាតិ១៤កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃប្រវត្តិសាស្ត្រ០១កន្លែង រមណីយដ្ឋានកសិទេសចរណ៍២កន្លែង រមណីយដ្ឋានអេកូទេសចរណ៍១កន្លែង រមណីយដ្ឋានវប្បធម៌២កន្លែង និងតំបន់គោលដៅទេសចរណ៍ មានចំនួន១៧កន្លែងផ្សេងទៀត។ឯកឧត្តម កើត ពុទ្ធវរី ក៏បានអំពាវដល់ និងបានសំណូមពរយ៉ាងទទូចស្នើសុំឲ្យអាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធនិងប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅ ជាពិសេសខេត្តបាត់ដំបង ត្រូវសហការរួមគ្នាថែរក្សាអភិរក្សសំណង់បេតិកភណ្ឌទាំងអស់ដែលមាននៅក្នុងខេត្តខ្លួន ទាំងអស់នោះ ឲ្យបានគង់វង្ស៕ (ប្រភពពី Apsara Central).

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។